top of page

CIA FIRST International School Issues Second Tranche of Bonds, Raising $10 Million to Expand Education Services

Updated: Mar 19

ស៊ី អាយអេហ្វឺស អុិនធើណេសិនណល ស្គូល កៀរគរទុនវិនិយោគថ្មី ១០ លានដុល្លារ ដើម្បីបន្តពង្រីកសេវាអប់រំរបស់ខ្លួនតាមរយៈការចុះបញ្ចីលក់សញ្ញាបណ្ណសាជីវកម្ម


សេចក្ដីប្រកាសព័ត៌មាន

ស៊ី អាយអេហ្វឺស អុិនធើណេសិនណល ស្គូល កៀរគរទុនវិនិយោគថ្មី ១០ លានដុល្លារ ដើម្បីបន្តពង្រីកសេវាអប់រំរបស់ខ្លួនតាមរយៈការចុះបញ្ចីលក់សញ្ញាបណ្ណសាជីវកម្ម


ដោយមានការគាំទ្រលើសេវាអប់រំប្រកបដោយគុណភាពរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ពី សំណាក់មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស សាលាបានបន្តខិតខំប្រឹងប្រែងវិវត្តខ្លួនឥតឈប់ឈរដោយ បានធ្វើការកែលម្អទាំងកម្មវិធីសិក្សា បរិយាកាសសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធអប់រំរបស់ខ្លួន ដើម្បីធានាថា សិស្សានុសិស្សទទួលបាននូវការអប់រំកម្មវិធីសិក្សាអន្តរជាតិ និងកម្មវិធីសិក្សាចំណេះទូទៅខ្មែរដែលមានការ ទទួលស្គាល់យ៉ាងត្រឹមត្រូវពីស្ថាប័នជាតិ និងអន្តរជាតិ។


ក្នុងចក្ខុវិស័យនៃការពង្រីកវិសាលភាពអប់រំនេះ សាលាបានសម្រេចកៀរគរទុនវិនិយោគប្រមាណ ១០ លានដុល្លារបន្ថែមទៀត តាមរយៈការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មមានបុគ្គលធានា សម្រាប់វិនិយោគិន គុណវុឌ្ឍិជាលើកទី២ ដោយមានការធានាពីស្ថាប័ន Credit Guarantee & Investment Facility (CGIF) លើផ្សារមូលបត្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍទីតាំងសិក្សានៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ឫស្សីកែវ ដំណាក់កាលទី២ បន្ទាប់ពីការសាងសង់ដំណាក់កាលទី១ត្រូវបានបញ្ចប់ និងចាប់ផ្ដើមទទួលសិស្សឱ្យចូល សិក្សាចាប់ពីខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។


ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានមាន ប្រសាសន៍ថា “ផ្សារមូលបត្របានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ និងជួយជ្រោមជ្រែងលើកកម្ពស់សក្តានុពល អាជីវកម្មរបស់ម្ចាស់សហគ្រាសក្នុងស្រុក តាមរយៈការផ្តល់ជាប្រភពហិរញ្ញប្បទានមិនចេះរីងស្ងួត និងជាប្រភព ទុនក្នុងទម្រង់ផ្សេងៗ ទៅតាមតម្រូវការរបស់ម្ចាស់អាជីវកម្ម”។ ឯកឧត្ដមអគ្គនាយក ក៏បានបន្តទៀតថា “ក្រុម ហ៊ុន ដែលមានវត្តមាននៅផ្សារមូលបត្រកម្ពុជាហើយ នៅតែមានលទ្ធភាពក្នុងការកៀរគរទុនបន្ថែមជាបន្តបន្ទាប់ ដូចក្រុមហ៊ុនស៊ីអាយអេ ហ្វឺស ផងដែរ”។


លោកម៉ៃឃល វ៉ែល ប្រធាននាយកប្រតិបត្តិនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានលើក ឡើងថា “ការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មដំណាក់កាលទី២នេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀត សម្រាប់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក្នុងការអភិវឌ្ឍការអប់រំចំណេះដឹងទូទៅ ស្របពេលដែលវិស័យ អប់រំឯកជន និងវិនិយោគិនគុណវុឌ្ឍិបានខិតខំប្រឹងប្រែងរួមគ្នា ក្នុងការកៀរគរទុនវិនិយោគដើម្បីធ្វើឱ្យប្រសើរ ឡើងនិងការអភិវឌ្ឍសាលារៀន។ មិនតែប៉ុណ្ណោះ ការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មដំណាក់កាលទី២នេះ ក៏បានក្លាយជាវេទិកាមួយសម្រាប់អ្នកវិនិយោគ ដើម្បីគាំទ្រដល់ការពង្រីក និងអភិវឌ្ឍវិស័យអប់រំឯកជនក្នុង ប្រទេសកម្ពុជា ក្នុងបរិយាកាសនៃកិច្ចសហប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងមានវិជ្ជាជីវៈច្បាស់លាស់”។ លោកបានបន្ថែមទៀតថា “សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ពិតជាមានមោទនភាពជាពន់ពេក និងសូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនិយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុន CGIF និង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ស៊ីឃ្យួរឹធី ម.ក ដែលបានជួយជ្រោមជ្រែងធ្វើឱ្យការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជា លើកទី២នេះទទួលបានភាពជោគជ័យ ហើយសាលានឹងប្រើប្រាស់ទុនវិនិយោគនេះ ដើម្បីពង្រីកហេដ្ឋារចនា សម្ព័ន្ធអប់រំរបស់សាលា ជាពិសេសគឺ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាឫស្សីកែវ”។


លោក Hongwei Wang នាយកប្រតិបត្តិក្រុមហ៊ុន CGIF បានមានប្រសាសន៍ថា “ក្រុមហ៊ុន CGIF មានមោទនភាពណាស់ដែលបានរួមចំណែក ក្នុងដំណើរការនៃការពង្រីកវិសាលភាពអប់រំរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ តាមរយៈការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មលើកទី២នេះ ហើយយើងជឿជាក់ថា ការរួមចំណែកនេះនឹងបង្ហាញជំហរយ៉ាងរឹងមាំរបស់យើងក្នុងការគាំទ្រដល់វិស័យអប់រំកម្ពុជា និងទីផ្សារសញ្ញា បណ្ណសាជីវកម្ម”។


លោក សេង ចាន់ធឿន នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ស៊ីឃ្យួរឹធី ម.ក បានមានប្រសាសន៍ ថា “ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ស៊ីឃ្យួរឹធី មានក្ដីសោមនស្សរីករាយក្នុងការផ្ដល់កិច្ចគាំទ្រផ្នែកជំនាញបច្ចេកទេសដល់ វឌ្ឍនភាពរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ តាមរយៈការចុះបញ្ជីលក់សញ្ញាបណ្ណមានបុគ្គលធានាជា លើកទី២នេះ។ លោកនាយកប្រតិបត្តិក៏បានគូសបញ្ជាក់ដោយមោទនភាពផងដែរថា “ការចុះបញ្ជីនេះគឺជា ដំណើរការដ៏រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ក្នុងចំណោមដំណើរការនៃការចុះបញ្ជីដែលក្រុមហ៊ុន បានគាំទ្រកន្លងមក ដ្បិតបានប្រើពេលវេលាត្រឹមតែ១ខែប៉ុណ្ណោះ។ ភាពជោគជ័យនេះមិនត្រឹមតែអាចបញ្ជាក់ អំពីដំណើរការកៀរគរទុនដែលមានលក្ខណៈសាមញ្ញ និងងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជាគំរូមួយសម្រាប់ ក្រុមហ៊ុនដទៃទៀតយកតម្រាប់តាមផងដែរ នៅពេលដែលពួកគេកៀរគរទុនវិនិយោគ។ បន្ថែមលើនេះ ការចុះ បញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាលើកទី២នេះ ត្រូវបានផ្ដល់ជូនក្នុងអត្រាទាបជាងមុន ដែលការណ៍នេះបាន បង្ហាញអំពីអត្ថប្រយោជន៍ខ្ពស់សម្រាប់ក្រុមហ៊ុនចុះបញ្ជី”។


គួរបញ្ជាក់ថា ក្រុមហ៊ុន ស៊ី អាយអេ ហ្វឺស អ៊ិនធើណេសិនណលស្គូល ជាក្រុមហ៊ុនឯកជន ដែលបាន វិនិយោគលើវិស័យអប់រំ ដើម្បីផ្ដល់ការសិក្សាដែលមានការទទួលស្គាល់ពីស្ថាប័នអប់រំអន្តរជាតិ និងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សិស្សានុសិស្សអស់រយៈពេល ២០ឆ្នាំកន្លងមកហើយ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងផ្ដល់សេវាអប់រំតាមរយៈសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ចំនួន ០៣ទីតាំង ដោយ មានសិស្សកំពុងសិក្សាប្រមាណ ៥,៥០០ នាក់។


ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨

រាជធានីភ្នំពេញ, ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥

សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍


CIA FIRST International School Issues Second Tranche of Bonds, Raising $10 Million to Expand Education Services




コメント


コメント機能がオフになっています。
bottom of page